ការកែច្នៃឡើងវិញកំពុងផ្លាស់ប្តូរឲ្យកាន់តែប្រសើរឡើង

Last updated: 21 August 2023
Share
ដៃរបស់មនុស្សម្នាក់ពាក់អាវពណ៌ខៀវ ស្បែកសជ្រះ និងក្រចកដៃលាបពណ៌ផ្កាឈូក កំពុងដាក់ក្រឡកែវទឹកប៉េងប៉ោះទៅក្នុងធុងក្រឡកែវកែច្នៃឡើងវិញពណ៌ស្វាយ។

ប្រព័ន្ធ​កែ​ច្នៃ​ឡើង​វិញ​របស់​រដ្ឋ​វិចថូរៀ​កំពុង​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ធំ​ធេង។ សេវា​កម្ម​ និង​រោង​ចក្រគាំ​ពារ​ការ​កែ​ច្នៃ​ឡើង​វិញ​ជា​ច្រើន​កំពុង​ត្រូវបានដាក់​ឲ្យ​ដំណើរ​ការ​នៅ​ទូទាំង​រដ្ឋ។ សេវា​កម្ម​ទាំង​នេះ​នឹង​ជួយ​បញ្ឈប់​ការ​​ចោល​កាក​សំណល់​ចំនួន 80% ទៅ​ទី​លាន​ចាក់​សម្រាម​ត្រឹម​ឆ្នាំ 2030 និង​ស្តារ​ឡើង​វិញនូវវត្ថុកាន់​តែ​ច្រើន​ជាង​មុន​ដើម្បី​ធ្វើ​ផលិត​ផល​ថ្មីៗ​ដូច​ជាសម្រាម​រក្សា​កុំឲ្យ​ដីហួត​ ក្រឡ​កែវ និង​ផ្លូវ​ថ្នល់។

ដូច្នេះ​សេវាកម្ម​កែ​ច្នៃ​ឡើង​វិញ​នៅ​តំបន់​មូលដ្ឋានរបស់​អ្នក ​អាច​នឹង​ផ្លាស់​ប្តូរ​ឆាប់ៗ​នេះ។ សាលាសង្កាត់​​មួយ​ចំនួន​បាន​ដាក់​ឲ្យ​អនុវត្ត​សេវា​កម្ម​ថ្មីៗ​រួច​ហើយ ខណៈ​ពេលដែលសាលាសង្កាត់​​​​មួយ​ចំនួន​ទៀត​កំពុង​រៀប​ចំ​ផែន​ការ​ផ្លាស់​ប្តូរ។

ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​ការ​ធុង​ថ្មីៗ​

របៀប​គ្រប់​គ្រង​កាក​សំណល់ និងវត្ថុ​កែ​ច្នៃ​ឡើង​វិញ​របស់​យើង​តាម​ផ្ទះ​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​បង្កើត​បរិស្ថាន​មួយ​ប្រកប​ដោយ​សុខភាព​ល្អ​សម្រាប់​សហគមន៍​យើង​រស់​នៅ។

ការ​ណែនាំ​ឲ្យ​មានធុង​វត្ថុ​កែ​ច្នៃ​ឡើង​វិញ និង​សេវាកម្ម​សម្រាប់​កែវក្រឡ និង​ម្ហូប​អាហារ និង​កាក​សំណល់​សរីរាង្គ​សម្រាប់​សួន​នៅ​ទូទាំង​រដ្ឋ​វិចថូរៀ​មាន​ន័យ​ថា​ការ​កែ​ច្នៃ​វត្ថុ​កែ​ច្នៃ​ឡើង​វិញ​កាន់​តែ​ស្អាត និង​ភាពកខ្វក់​កាន់​តែ​តិច។

ភាពកខ្វក់​កើត​មាន​ឡើង​នៅ​ពេលកាក​សំណល់ និងវត្ថុ​កែ​ច្នៃ​ឡើង​វិញត្រូវបាន​ដាក់ក្នុងធុងខុស។ ការ​ធ្វើ​បែប​នេះ​រារាំងមិន​អាច​ឲ្យ​គេ​កែ​ច្នៃឲ្យ​ទៅ​ជា​ផលិត​ផល​ថ្មីៗ​បាន។

ការញែកវត្ថុ​​កែ​ច្នៃ​ឡើង​វិញ​របស់អ្នកបាន​ត្រឹម​ត្រូវ​កាត់បន្ថយ​ភាពកខ្វក់។ ការ​ធ្វើ​បែប​នេះ​នឹង​មានឥទ្ធិ​ពល​វិជ្ជ​មាន​ដល់​បរិស្ថាន​របស់​យើង​ ខណៈ​ពេលដែល​កាក​សំណល់​កាន់​តែ​តិច​ត្រូវ​បានចាក់​ចោល​នៅ​ទី​លាន​ចាក់​សម្រាម ហើយ​​តម្រូវ​ការសម្រាប់​វត្ថុ​ធាតុ​ដើមថ្មី និងវត្ថុ​ធាតុ​ដើមត្រូវ​បានកាត់​បន្ថយ។

សេវាកម្ម​ និង​រោង​ចក្រ​កែ​ច្នៃ​ឡើង​វិញ​ថ្មី

ប៉ុន្មាន​ឆ្នាំខាង​មុខនេះ​សេវាកម្មធុង​ថ្មី​ និងកន្លែងទទួលយកវត្ថុកែច្នៃឡើងវិញនឹង​ត្រូវ​បានបើក​ដំណើរ​ការសម្រាប់​ការ​កែច្នៃ​កែវ​ឡើង​វិញនូវកែវក្រឡ និង​កាក​សំណល់ម្ហូប​អាហារ​ ហើយនិង​សរីរាង្គ​សួន (កាកសំណល់​អាហារ និងកំទេចកំណាត់រុក្ខជាតិតាម​សួន​ច្បារ)។

សេវាកម្ម​កាកសំណល់​អាហារ និងសរីរាង្គសួន​ច្បារ

យើង​អាច​កាត់​បន្ថយបរិមាណ​​កាក​សំណល់ដែល​ត្រូវ​ចាក់​ចោល​នៅទី​លាន​ចាក់​សម្រាម​បាន 50% ដោយ​ដាក់​កាក​សំណល់​អាហារ និងកំទេចកំណាត់តាមសួន​ច្បារ​ក្នុង​ធុង​ម្ហូប​អាហារ និង​សរីរាង្គ​ពីសួន​ច្បារ។ សារធាតុ​សរីរាង្គ​ទាំង​នេះ​អាច​កែ​ច្នៃ​ជា​ផលិតផល​សួន​ច្បារ​មាន​តម្លៃ​ដូចជាសម្រាម​រក្សា​កុំឲ្យ​ដីហួត ឬជី​កំប៉ុស្តដែល​គេ​តែង​តែ​ប្រើ​សម្រាប់​សួន​សហគមន៍ ឬ​ឧទ្យាន​ក្នុង​តំបន់។

កាក​សំណល់​អាហារ​ដាក់​ក្នុង​ធុង​សម្រាម​របស់​អ្នក​នឹងបញ្ចប់​នៅ​ទី​លានចាក់​សម្រាម​ដោយ​បង្កើត​ជា​ឧស្ម័ន​ផ្ទះ​កញ្ចក់​កាន់​តែ​ច្រើន ដែល​ជា​ឧស្ម័ន​វិល​វល់​នៅ​ក្នុង​បរិយាកាស​ផែន​ដី​ដែលរក្សា​​កម្តៅ។ នេះ​ប៉ះពាល់​ដល់​គុណភាព​ខ្យល់ សុខភាព​សាធារណៈ និ​ងការ​ប្រែ​ប្រួល​អាកាស​ធាតុ។

សេវាកម្ម​កែ​ច្នៃ​កែវក្រឡ

កែវ​ក្រឡអាចត្រូវបាន​កែ​ច្នៃ​ឡើង​វិញ​ម្តង​ហើយ​ម្តង​ទៀត​ពីព្រោះ​វា​មិន​បាត់​បង់​គុណភាពតាម​រយៈ​ដំណើរការ​កែ​ច្នៃ​ឡើង​វិញ​ឡើយ។ អំបែង​កែវអាចមុតជាប់​នឹងវត្ថុ​កែ​ច្នៃ​ឡើង​វិញ​ ​ដូចជា​ក្រដាសក្រាសរឹង និង​ប្លាស្ទិច​ដែល​ធ្វើ​ឲ្យ​មានការ​លំបាក​ក្នុង​ការ​កែច្នៃ​ឡើង​វិញ។

កែវ​ក្រឡកាន់​តែ​ច្រើន​អាច​ត្រូវបានកែ​ច្នៃ​ឡើងវិញជា​ក្រឡ និង​កែវ​ដោយ​គ្រាន់​តែ​ដាក់​កែវ​ក្រឡ​កែ​ច្នៃប្រើប្រាស់​ឡើង​វិញ​របស់អ្នកក្នុង​ធុង​ដាច់​ដោយ​ឡែកនៅតាម​​ផ្ទះ ឬ​យក​វា​ទៅ​កន្លែងទទួលយកវត្ថុកែច្នៃឡើងវិញ ឬ​ស្ថានីយផ្ទេរប៉ុណ្ណោះ។ វា​ក៏​កាត់​បន្ថយ​ភាព​កខ្វក់នៅក្នុង​ធុងវត្ថុកែ​ច្នៃ​ឡើង​វិញដែល​ដាក់ច្របូកច្របល់​គ្នារបស់អ្នកផងដែរ ​ដោយ​ធានា​ថាវត្ថុកែច្នៃ​ឡើង​វិញផ្សេងទៀតត្រូវបានស្តារឡើងវិញ​កាន់​តែ​មាន​ប្រសិទ្ធភាព។

រោងចក្រគាំ​ពារ​ការ​កែ​ច្នៃឡើងវិញ

រដ្ឋាភិបាល​រដ្ឋ​វិចថូរៀកំពុង​និយោគ​ជិត 100​លាន​ដុល្លារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​កែ​ច្នៃ​​ឡើង​វិញថ្មី ឬធ្វើឱ្យប្រសើរឡើង ដើម្បី​កែ​ច្នៃ​ក្នុង​តំបន់​កាន់​តែ​ច្រើន​ជាង​មុន។ ឧទាហរណ៍ ការ​វិនិយោគ​លើ​បច្ចេក​វិទ្យា​ថ្មីអាច​កែច្នៃ 40% នៃក្រដាស ឬក្រដាសក្រាសរឹងកែច្នៃឡើងវិញរបស់​អ្នក ​ឲ្យ​ក្លាយ​ជា​ផលិត​ផលធ្វើពី​ក្រដាសថ្មី។

របៀបដែលការ​ផ្លាស់​ប្តូរ​នេះ​ប៉ះ​ពាល់​ដល់អ្នក​

សេវា​កម្ម​កែ​ច្នៃ​ឡើង​វិញនឹង​ខុស​គ្នា​ពីសាលាសង្កាត់​មួយ​ទៅសាលាសង្កាត់​មួយ​ទៀត ​រហូត​ដល់​ប្រព័ន្ធ​ទូ​ទាំង​រដ្ឋ​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ។ នេះ​រួម​មាន​ទាំង​សេវាកម្ម​ផ្សេងៗ​ដែល​មាន​សម្រាប់​អ្នក និងវត្ថុ​អ្វីដែល​ត្រូវ​ដាក់​​ក្នុង​ធុង​នីមួយៗ។ សូម​មើល​គេហ​ទំព័រសាលាសង្កាត់​ក្នុង​តំបន់របស់​អ្នក​សម្រាប់​ព័ត៌មាន​លម្អិត​ជា​ភាសា​អង់​គ្លេស។

ការ​ដាក់វត្ថុកែច្នៃ​ឡើង​វិញ​បាន​ត្រឹម​ត្រូវ​​ការ​ពារ​មិន​ឲ្យ​ធន​ធាន​ដ៏​មាន​តម្លៃ​​ធ្លាក់​ទៅ​ក្នុង​ទី​លាន​ចាក់​សម្រាម​ ដូច​នេះ​យើង​អាច​ប្រើ​ប្រាស់​វា​ម្តង​ហើយ​ម្តង​ទៀត​បាន។

ការ​ធ្វើ​បែប​នេះ​ហាក់​បី​ដូចជាសកម្ម​ភាព​តូច​តាច ប៉ុន្តែ​សកម្ម​ភាព​របស់​អ្នក​អាច​ធ្វើ​ឱ្យមានឥទ្ធិ​ពល​យ៉ាង​ធំ​ធេង​ដល់​អនាគត​ប្រកប​ដោយ​និរន្តរភាពរបស់រដ្ឋ​វិចថូរៀ។