រក្សាវត្ថុកែច្នៃឡើងវិញរបស់អ្នកឲ្យនៅដាច់ពីគ្នា ហើយកុំដាក់នៅក្នុងថង់

Last updated: 1 August 2023
Share
ដៃរបស់មនុស្សម្នាក់មានស្បែកសជ្រះ ហើយពាក់អាវពណ៌ខៀវ កំពុងផ្ទេរប្រអប់ដាក់វត្ថុអាចកែច្នៃឡើងវិញលាយឡំគ្នាទៅក្នុងធុងវត្ថុកែច្នៃឡើងវិញពណ៌លឿង។

ដោយ​គ្រាន់​តែ​ធ្វើ​សកម្ម​ភាព​តូចតាច​ប៉ុណ្ណោះ​ដើម្បី​ធ្វើឲ្យ​មាន​ឥទ្ធិ​ពល​​ដ៏​ធំ​ដល់​បរិស្ថាន

ដោយ​គ្រាន់​តែដាក់វត្ថុកែច្នៃ​ឡើង​វិញរបស់អ្នកក្នុងធុង​ដាច់ពីគ្នា ហើយមិនដាក់នៅក្នុង​ថង់​ប្លាស្ទិក​ អ្នកនឹងធ្វើ​ឲ្យកាន់តែ​ងាយ​ស្រួល​ដល់សាលាសង្កាតរបស់អ្នកក្នុង​ការ​ប្រមូល និង​ដំណើរការកែ​ច្នៃ​​ឡើងវិញ។ សកម្ម​ភាព​តូចតាច​នេះ​នឹង​ជួយ​ធានាថា៖

  • វត្ថុកាន់​តែ​ច្រើន​អាចត្រូវបានបង្កើត​ទៅ​ជា​ផលិត​ផល​ថ្មីៗ (ដូច​ជា​ផ្លូវ​ថ្នល់ ក្រឡ​កែវ និងកៅអី​តាម​ឧទ្យាន)
  • ធនធាន​មាន​តម្លៃ​ផ្សេងៗ​នឹង​មិនបញ្ចប់ដោយខ្ជះខ្ជាយ​ក្នុងទី​លាន​ចាក់​សម្រាម​ឡើយ
  • ផល​ប៉ះពាល់​បរិស្ថាន​ពី​ការ​ប្រើប្រាស់​វត្ថុធាតុ​ដើម​ថ្មី ឬ​វត្ថុ​ធាតុ​ដើម​ផ្សេងៗ​ត្រូវ​បាន​កាត់​បន្ថយ។

មូលហេតុ​ដែលវាមានសារសំខាន់

បច្ចុប្បន្ន​ ពលរដ្ឋ​វិចថូរៀ 16% ដាក់​វត្ថុកែ​ច្នៃ​ឡើង​វិញរបស់ពួកគេ​ក្នុង​ថង់​ប្លាស្ទិច ដែល​ធ្វើ​ឲ្យ​វាក្លាយជាសារធាតុកខ្វក់​យ៉ាងសម្បើមនៅក្នុង​ធុងវត្ថុ​កែច្នៃ​ឡើងវិញតាម​ផ្ទះ (Sustainability Victoria ការ​ស្រាវ​ជ្រាវ​ជាមូលដ្ឋានពីយុទ្ធនាការ​កែ​ច្នៃ​​ឡើង​វិញ​រដ្ឋ​វិចថូរៀ ខែ​កក្កដា ឆ្នាំ2021)។

ភាពកខ្វក់​កើត​មាន​ឡើង​នៅ​ពេលវត្ថុមិន​អាច​កែ​ច្នៃឡើង​វិញ ​ត្រូវ​បាន​ដាក់​នៅ​ក្នុង​ធុង​វត្ថុ​កែ​ច្នៃ​ឡើងវិញ​។ វត្ថុមិន​អាច​កែ​ច្នៃ​ទាំង​នេះ​អាចរារាំងវត្ថុ​កែ​ច្នៃឡើង​វិញ​ពី​ការ​ដំណើរការ​ទៅ​ជា​ផលិត​ផល​ថ្មីៗ។ ភាពកខ្វក់​អាច​ធ្វើ​ឲ្យ​វត្ថុអាច​កែ​ច្នៃ​ឡើងវិញមួយ​ឡាន​ពេញ​ ត្រូវ​បានចាក់​ចោល​នៅទី​លាន​ចាក់​សម្រាម។

​វត្ថុ​កែ​ច្នៃ​ឡើង​វិញ​នៅក្នុង​ថង់​ប្លាស្ទិច​ មិន​អាចតម្រៀបទៅតាមប្រភេទ​​នៅ​រោង​ចក្រ​កែ​ច្នៃឡើងវិញបាន​ទេ ពីព្រោះ ៖

  • ថង់​ប្លាស្ទិច​អាចគាំង​ជាប់​នៅក្នុង​ម៉ាស៊ីន និង​ធ្វើ​ឲ្យ​ខូច​ម៉ាស៊ីន
  • វា​បង្ក​ហានិភ័យ​សុវត្ថិភាព​ដល់​បុគ្គលិក​ដែលតម្រៀបវត្ថុ​កែ​ច្នៃ​ឡើងវិញទៅតាមប្រភេទ ពីព្រោះ​មើល​មិន​ឃើញវត្ថុនៅក្នុង​ថង់ ហើយអាច​មាន​វត្ថុ​មុត​ស្រួច។

ការផ្លាស់​ប្តូរ​វត្ថុ​​កែ​ច្នៃ​ឡើង​វិញ​របស់​អ្នក

បច្ចេក​វិទ្យា​កែ​ច្នៃ​ឡើង​វិញ​មាន​ការ​វិវត្តន៍​ច្រើន ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ការញែកវត្ថុ​កែ​ច្នៃ​ឡើង​វិញ​បាន​ត្រឹម​ត្រូវ វត្ថុ​កែ​ច្នៃប្រើប្រាស់​ឡើង​វិញ​របស់​អ្នក​អាច​ផ្លាស់​ប្តូរ​ពី៖

  • ដបកែវ​ឲ្យ​ក្លាយ​ជា​ទ្រនាប់​ផ្លូវ​ថ្នល់
  • ដបប្លាស្ទិច​ទឹក​ដោះ​គោ និង​សាប៊ូ​កក់​សក់​​ ​ឲ្យ​ក្លាយ​ជាថូដាំ​កូន​ឈើ និង​តុ​អង្គុយ​លំហែរ
  • ក្រដាស និងក្រដាសក្រាសរឹង​​​ ​ឲ្យ​ក្លាយ​ជាផ្ទាំង​ម្នាង​សិលា​សម្រាប់​ការ​សាង​សង់។

ដំបូន្មាន និង​ល្បិច

ប្រមូលវត្ថុ​​កែ​ច្នៃ​ឡើង​វិញ​របស់អ្នកនៅក្នុង​កញ្ច្រែង ធុង​ប្លាស្ទិច ឬ​ប្រអប់​ក្រដាសក្រាសរឹង

ពេល​កញ្រែ្ចង​អ្នក​ពេញ ផ្ទេរ​ចូល​ក្នុង​ធុង​វត្ថុ​កែច្នៃ​ឡើង​វិញ​តាម​ផ្ទះ​ ដូច​នេះវត្ថុ​​ទាំង​អស់​អាច​នៅ​ដាច់​ដោយ​ឡែក​ពីគ្នា។

កាត់​បន្ថយ​ក្លិន​ក្នុង​ធុង

លាងជម្រះ និង​កោសសម្អាតម្ហូប​អាហារ ឬ​វត្ថុ​រាវ​ពី​ប្រអប់​ ឬកំប៉ុង​អាច​ការ​ពារ​ក្លិន និង​ធ្វើ​ឲ្យ​ធុងវត្ថុកែ​ច្នៃ​ឡើងវិញរបស់អ្នក​ស្អាត។ បន្ទាប់​មក​ អ្នក​មិន​ចាំ​បាច់​ប្រើ​ថង់​ដើម្បីដាក់វត្ថុ​កែ​ច្នៃ​ឡើង​វិញរបស់អ្នក​ទេ។

ពិនិត្យបញ្ជាក់ជាមួយសាលាសង្កាត់​របស់​អ្នក​ ថាតើ​អ្វីខ្លះ​អាច​ដាក់​ចូល​ក្នុង​ធុងវត្ថុ​​កែ​ច្នៃឡើង​វិញរបស់អ្នក

​សេវាកម្ម​កាក​សំណល់​ និង​កែច្នៃ​ឡើង​វិញ​អាច​ផ្លាស់ប្តូរ និង​ខុស​គ្នា​ពីសាលាសង្កាត់​ទៅមួយ​ទៀត ដូចនេះ​ការ​ដឹង​យល់ពី​អ្វី​ដែលសាលាសង្កាត់​អ្នកអាច​ទទួល​យក​មាន​សារៈ​សំខាន់​ណាស់។ ចុច​ ទីនេះ​ សម្រាប់​ព័ត៌មាន​ជា​ភាសា​អង់គ្លេស​​ដើម្បី​ជួយ​អ្នក​ស្វែង​រក​ដំបូន្មាន​ស្តីពី​កាកសំណល់ និង​ការ​កែ​ច្នៃឡើង​វិញរបស់សាលាសង្កាត់​អ្នក។

វត្ថុ​​មួយ​ចំនួន​អាច​កែ​ច្នៃ​ឡើង​វិញ​បាន គ្រាន់តែវាមិន​នៅក្នុង​ធុង​របស់​អ្នក

វត្ថុជា​ច្រើន​នៅ​តែ​អាច​កែ​ច្នៃ​​ឡើង​វិញ​បាន ទោះបីជា​វា​មិន​អាច​ដាក់​ក្នុង​ធុងវត្ថុ​កែ​ច្នៃ​ឡើង​វិញ​របស់​អ្នកក្តី។ ឧទាហរណ៍ ថ្មឬអាគុយ​មិន​អាច​ដាក់​ចូល​ទៅក្នុង​ធុងវត្ថុកែ​ច្នៃឡើង​វិញ ឬ​ធុង​សម្រាម​តាម​ផ្ទះ​បាន​ទេ​ ប៉ុន្តែ​អាច​ត្រូវបានកែ​ច្នៃ​ឡើង​វិញ​​ដោយ​គ្រាន់​តែ​យក​វា​ទៅកន្លែងទទួលយកវត្ថុកែច្នៃឡើងវិញដូច​ជា​នៅ​បណ្ណាល័យ​ក្នុង​តំបន់ តាម​ផ្សារទំនើប ឬ​នៅ Officeworks ប៉ុណ្ណោះ។

វត្ថុ​​ពុល​ខ្លាំង​ដូច​ជា​សារធាតុ​គីមី មិន​ត្រូវ​ដាក់​ក្នុង​ធុង​សម្រាម ឬ​ចាក់​ចូល​នៅ​ក្នុង​លូទឹក​ទេ។

សូម​មើល​គេ​ហទំព័រ​សាលាសង្កាត់​របស់​អ្នក​ដើម្បី​ស្វែង​យល់អំ​ពីការ​បោះ​ចោលវត្ថុប្រើប្រាស់តាមផ្ទះដែលមានជាតិពុល និងកន្លែងដែល​អ្នក​អាច​យក ឬ​ផ្ញើ​វត្ថុដែល​អ្នក​មិន​អាច​ដាក់​ចូលក្នុង​ធុងវត្ថុ​​កែ​ច្នៃ​ឡើង​វិញ ឬ​ធុង​សម្រាមរបស់អ្នក។