ចូរដាក់កាកសំណល់អាហារទៅក្នុងធុង FOGO របស់អ្នក (ធុងគម្របពណ៌បៃតងខ្ចី)
ការកែច្នៃឡើងវិញនៅរដ្ឋវិកថូរៀកំពុងធ្វើការផ្លាស់ប្តូរឱ្យកាន់តែល្អប្រសើរឡើង។ មកត្រឹមឆ្នាំ 2030 ពលរដ្ឋវិកថូរៀទាំងអស់នឹងទទួលបានសេវាកម្មកែច្នៃឡើងវិញលើកាកសំណល់អាហារ និងសារធាតុសរីរាង្គពីសួនច្បារ (FOGO) ដែលរួមមានធុងគម្របពណ៌បៃតងខ្ចី។ គ្រួសារពលរដ្ឋវិកថូរៀជាច្រើន ទទួលបានធុងនេះមួយរួចទៅហើយ ប៉ុន្តែធុងនេះអាចត្រូវបានគេហៅឈ្មោះខុសៗគ្នាទៅតាមតំបន់សាលាក្រុងរបស់អ្នក។ ឧទាហរណ៍ អ្នកប្រហែលជាស្គាល់ពាក្យ ៖ ធុងសរីរាង្គបៃតង ធុងបៃតង ធុងគម្របពណ៌បៃតង ធុងសរីរាង្គ ធុងសួនច្បារ និង ធុង FOGO។
សកម្មភាពតិចតួច ដូចជាការដាក់កាកសំណល់អាហារ និងកំណាត់មែកឈើទៅក្នុងធុង FOGO របស់អ្នក និងការរក្សាសំរាមមិនមែនសរីរាង្គនៅក្រៅធុង ជះឥទ្ធិពលយ៉ាងធំធេង។ កាកសំណល់អាហាររបស់អ្នកអាចកែច្នៃធ្វើជាជីកំប៉ុស្ត ដែលនឹងត្រូវបានប្រើប្រាស់ដើម្បីលើកកម្ពស់គុណភាពដី និងជួយដល់កសិដ្ឋាន និងសួនតាមសហគមន៍នៅទូទាំងរដ្ឋវិកថូរៀ។
ជាមធ្យមនៅទូទាំងរដ្ឋវិកថូរៀ គេប្រមូលកាកសំណល់ទាំងនេះជាង 667,000 តោនពីធុង FOGO តាមផ្ទះជារៀងរាល់ឆ្នាំ។ បរិមាណកាកសំណល់អាហារនេះគ្រប់គ្រាន់នឹងចាក់បំពេញទីលានបាល់គ្រីកឃីតក្រុងមែលប៊ន (MCG) ពីរដង។ (ប្រភពៈ
របៀបប្រើប្រាស់ធុង FOGO
ចូរធ្វើតាមគន្លឹះទាំងនេះដើម្បីកែច្នៃសារធាតុសរីរាង្គរបស់អ្នកបានត្រឹមត្រូវ។
កុំដាក់កញ្ចប់ប្លាស្ទិកទៅក្នុងធុង FOGO។
វាមានសារៈសំខាន់ណាស់ដែលអ្នកមិនត្រូវដាក់សារធាតុកខ្វក់ផ្សេងៗដូចជា កញ្ចប់ប្លាស្ទិក ស្ទឹកឃើបិទលើផ្លែឈើ និងសំរាមមិនមែនសរីរាង្គផ្សេងៗទៀតទៅក្នុងធុង FOGO។ សារធាតុកខ្វក់ទាំងនេះអាចធ្វើឲ្យម៉ាស៊ីនខូចនៅរោងចក្រកែច្នៃ និងបង្កហានិភ័យដល់ពួកកម្មករ។ វាក៏អាចកាត់បន្ថយគុណភាពផលិតផលកំប៉ុស្តដែលបានកែច្នៃផងដែរ។
សូមពិនិត្យមើលគេហទំព័រសាលាក្រុងរបស់អ្នក
ប្រសិនបើអ្នកមិនដឹងច្បាស់ថាតើអ្វីខ្លះអាចដាក់ចូលទៅក្នុងធុងកាកសំណល់អាហារ និងសួនច្បារ សូមចូលមើលគេហទំព័រសាលាក្រុងរបស់អ្នក ជាភាសាអង់គ្លេសដើម្បីស្វែងយល់់កាន់តែច្បាស់។ សាលាក្រុងនានាមានបញ្ជីរៀបរាប់ពីអ្វីខ្លះដែលអាច និងមិនអាចដាក់ចូលទៅក្នុងធុងនីមួយៗនៅក្នុងតំបន់របស់អ្នក។
ប្រមូលកាកសំណល់ផ្ទះបាយដាក់នៅក្នុងធុងដាក់កាកសំណល់ផ្ទះបាយ
ធ្វើឲ្យងាយស្រួលក្នុងការញែក និងប្រមូលកាកសំណល់អាហារដោយការរៀបចំឲ្យមានធុងតូចមួយ (ដូចជាធុងការ៉ែម) នៅផ្ទះបាយរបស់អ្នក។ អ្នកក៏អាចពិនិត្យមើលថាតើសាលាក្រុងរបស់អ្នកផ្តល់ធុងកាកសំណល់ផ្ទះបាយឬអត់។ ពេលធុងនេះពេញហើយ ចូរចាក់កាកសំណល់អាហារពីក្នុងធុងតូចនេះចូលទៅក្នុងធុង FOGO។ បន្ទាប់មកលាងជម្រះ និងដាក់វាទៅក្នុងផ្ទះបាយវិញ។
ជៀសវាងកុំឲ្យធុងមានក្លិនមិនល្អ
អ្នកអាចការពារកុំឲ្យមានសត្វចង្រៃនៅក្នុងធុងរបស់អ្នក និងកាត់បន្ថយក្លិនដោយប្រើគន្លឹះទាំងនេះ៖
- ទុកធុង FOGO របស់អ្នកនៅកន្លែងមានម្លប់ដោយបិទគម្របឲ្យជិត។
- ត្រូវប្រាកដថាគម្របធុងបានបិទជិតល្អ។
- ដាក់ស្រទាប់សំណល់សួនច្បារ (ដូចជាស្លឹកឈើ និងស្មៅដែលកាត់រួច) នៅចន្លោះកាកសំណល់អាហារ។
តើមានអ្វីកើតឡើងចំពោះកាកសំណល់អាហារ និងសារធាតុសរីរាង្គពីសួនច្បារដែលបានកែច្នៃ
កាកសំណល់អាហារ និងកំណាត់មែកឈើពីសួនច្បាររបស់អ្នកក្លាយជាជីកំប៉ុស្តដែលមានជីវជាតិពេលណាត្រូវបានញែក និងកែច្នៃត្រឹមត្រូវ។ កសិដ្ឋាន និងសួនច្បារសហគមន៍នៅទូទាំងរដ្ឋវិកថូរៀប្រើប្រាស់ជីកំប៉ុស្តដើម្បីលើកកម្ពស់គុណភាពដី ដើម្បីជួយដាំដំណាំអាហារម្តងទៀត។
ចំណុះនៅក្នុងធុង FOGO នឹងដឹកជញ្ជូនទៅរោងចក្រធ្វើជីកំប៉ុស្តដែលមានអាជ្ញាប័ណ្ណ។ រោងចក្រទាំងនេះអនុវត្តដំណើរការត្រួតពិនិត្យគុណភាព និងការធ្វើតេស្តជាបន្តបន្ទាប់។ នេះពាក់ព័ន្ធនឹងការយកចេញសារធាតុកខ្វក់ មុនពេលកាកសំណល់ត្រូវបានកែច្នៃ។ ផលិតផលជីកំប៉ុស្តដែលបានកែច្នៃត្រូវបានគេធ្វើតេស្តជាទៀងទាត់ដើម្បីធានាថាផលិតផលនេះមានសុវត្ថិភាពដើម្បីដាំដុះអាហារម្តងទៀត។
ការធ្វើការកែច្នៃសារធាតុសរីរាង្គឲ្យក្លាយជាជីកំប៉ុស្តអនុវត្តតាមបទប្បញ្ញត្តិ និងស្តង់ដារដ៏តឹងរ៉ឹងនៅរដ្ឋវិកថូរៀ។ ប្រតិបត្តិករត្រូវតែបំពេញតាមគោលនយោបាយនានាដែលបានកំណត់ដោយអាជ្ញាធរការពារបរិស្ថាន (EPA)។
អ្នកទទួលជីកំប៉ុស្តមួយក្នុងចំណោមអតិថិជនជាច្រើនគឺ Fawkner Food Bowls ជាកសិដ្ឋាននៅតំបន់ទីក្រុងនៅភាគខាងជើងទីក្រុងមែលប៊ន។ គំនិតផ្តួចផ្តើមសហគមន៍នេះប្រើប្រាស់ជីកំប៉ុស្តដែលផលិតចេញពីកាកសំណល់អាហារ និងសួនច្បារដើម្បីដាំដុះ និងផ្តល់បន្លែស្រស់ដល់សហគមន៍ពហុវប្បធម៌នៅតំបន់នោះ និងកម្មវិធីផ្តល់ម្ហូបអាហារសប្បុរសធម៌។
ហេតុអ្វីបានជាការកែច្នៃកាកសំណល់អាហារ និងកំណាត់មែកឈើរបស់អ្នកមានសារៈសំខាន់
កាកសំណល់អាហារបោះចោលទៅក្នុងធុងសំរាមទូទៅរបស់អ្នក នឹងត្រូវបានចាក់ចោលនៅទីលានចាក់សំរាម។ នៅទៅនោះ ទីលានចាក់សំរាមផលិតឧស្ម័នផ្ទះកញ្ចក់ដ៏មានគ្រោះថ្នាក់ ដែលរួមចំណែកដល់ការប្រែប្រួលអាកាសធាតុ។ នេះវាបង្កគ្រោះថ្នាក់ដល់បរិស្ថាន និងសុខភាពសាធារណៈ។ ការយកសំណល់ទៅចាក់ចោលនៅទីលានចាក់សំរាមក៏ធ្វើឲ្យសាលាក្រុងចំណាយថវិការច្រើនផងដែរ ហើយថវិការទាំងនេះនឹងត្រូវបង់ដោយពលរដ្ឋដែលបង់ឲ្យសាលាក្រុង។
នៅពេលអ្នកដាក់កាកសំណល់អាហារទៅក្នុងធុងកាកសំណល់អាហារ និងសារធាតុសរីរាង្គសួនច្បារ អ្នកជួយ ៖
- កាត់បន្ថយបរិមាណសំរាមដែលត្រូវចាក់ចោលនៅទីលានចាក់សំរាម
- កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់
- បង្កើតជីកំប៉ុស្តសម្បូរដោយសារធាតុចិញ្ចឹមដែលគេប្រើទូទាំងក្នុងរដ្ឋវិកថូរៀដើម្បីដាំដុះដំណាំអាហារម្តងទៀត។
ហេតុនេះហើយបានជារដ្ឋាភិបាលរដ្ឋវិកថូរៀបានវិនិយោគយ៉ាងច្រើនដល់រោងចក្រកែច្នៃសារធាតុសរីរាង្គ។ រោងចក្រទាំងនេះនឹងជួយកែច្នៃឡើងវិញនូវកាកសំណល់អាហារ និងសួនច្បារនៅទីនេះនៅរដ្ឋវិកថូរៀ។
តើអ្នកមានសំណួរអំពីសេវាកម្មកែច្នៃកាកសំណល់អាហារ និងសារធាតុសរីរាង្គសួនច្បារនៅក្នុងតំបន់របស់អ្នកទេ? សូមចូលមើលគេហទំព័រសាលាក្រុងក្នុងតំបន់របស់អ្នក ដើម្បីស្វែងយល់ព័ត៌មានបន្ថែមជាភាសាអង់គ្លេស។ អ្នកក៏អាចមើលវីដេអូជាភាសាអង់គ្លេស ខាងក្រោមដែលបញ្ជាក់លម្អិតថាហេតុអ្វីបានជាការញែកធុង FOGO ឲ្យបានត្រឹមត្រូវមានសារៈសំខាន់។
-
[វីដេអូបង្ហាញរូបភាពមានចលនាអំពីការដាក់សំណល់ម្ហូបអាហារ និងកំណាត់មែកឈើពីសួនច្បារទៅក្នុងធុងគម្របពណ៌បៃតងខ្ចី។ វាបង្ហាញពីសារធាតុសរីរាង្គបំប្លែងទៅជាជីកំប៉ុស្ត និងប្រើប្រាស់ឡើងវិញដើម្បីដាំដំណាំអាហារ។]
ការកែច្នៃប្រើប្រាស់ឡើងវិញកំពុងផ្លាស់ប្តូរឲ្យកាន់តែល្អប្រសើរឡើង ដើម្បី ទាញ យក អត្ថប្រយោជន៍ពេញលេញពីសំណល់ម្ហូបអាហារ និងកំណាត់មែកឈើរបស់អ្នក។
ដូច្នេះត្រូវប្រាកដថាអ្នកញែកសំណល់ទាំងនេះឲ្យបានត្រឹមត្រូវ ពីព្រោះសំណល់ទាំងនេះអាចកែច្នៃបានច្រើនយ៉ាង ដូចជាជីកំប៉ុស្តសម្រាប់ប្រើប្រាស់ដាំដំណាំតាមផ្ទះ និងសម្រាប់កសិដ្ឋានដែលផលិតម្ហូបចិញ្ចឹមយើងទាំងអស់គ្នា។
[រូបភាពស្លាយដែលមានឃ្លាថា "សកម្មភាពតូចតាចជះឥទ្ធិពលដ៏ធំធេង"]
សកម្មភាពតូចតាចរបស់អ្នកអាចជះឥទ្ធិពលដ៏ធំធេងដល់អនាគតប្រកបដោយនិរន្តរភាពនៅរដ្ឋវិកថូរៀ។
[រូបភាពស្លាយមានផ្លាកសញ្ញា និងឃ្លាថា "និរន្តរភាពរដ្ឋវិកថូរៀ" "រដ្ឋាភិបាលរដ្ឋវិកថូរៀ" , "ស្វែងយល់បន្ថែមនៅ sustainability.vic.gov.au/khmer-small-acts" ]
ស្វែងយល់បន្ថែមពីសកម្មភាពតិចតួចដែលអ្នកអាចធ្វើបានដើម្បីកាត់បន្ថយកាកសំណល់កែច្នៃឡើងវិញកាន់តែច្រើន និងជះឥទ្ធិពលយ៉ាងខ្លាំងដល់បរិស្ថាន ដោយចុចនៅ ទីនេះ។